ក្រសួងងមុខងារសាធារណៈ ផ្សព្វផ្សាយផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
សិក្ខាសាលានាថ្ងៃនេះ មានការរៀបចំបទបង្ហាញដោយវាគ្មិន ៣រូប ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញចំនួន៣ នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ប្រធានបទទី១ អំពីវិធានការគន្លឹះទី១ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ប្រធានបទទី២ អំពីវិធានការគន្លឹះទី២ ស្តីពីការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បើលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងប្រធានបទទី៣ អំពីវិធានការគន្លឹះទី៣ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
អង្គសិក្ខាសាលាបាន រៀបចំវេទិការពិភាក្សា ស្តីពីវិធានការគន្លឹះទាំង៣ ខាងលើ ដែលសម្របសម្រួលដោយ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបកស្រាយនូវចម្ងល់មង្ទិលរបស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស ចាត់ចែង និងគ្រប់គ្រងមន្ត្រី ក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមជម្រាបថា នារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការកេន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ផែនការសកម្មភាប ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»៕