កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ជាការចូលរួមចំណែកដល់ដំណើរការការងារ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រពៃ
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញទទួលនំស្រួយលីលី ចំនួន ១០ម៉ឺនកញ្ចប់ ពីលោកជំទាវ អ៊ឹង ឈីវលី អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី។ នំទាំងនេះ ជាការចូលរួមចំណែកដល់ការផ្គត់ផ្គង់ ជូនបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ន ឆ្នាំ២០២៥។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ សូមថ្លែងអំណរគុណ និងសូមជូនពរ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងអាជីវកម្មរបស់ខ្លួន និងសូមសមប្រកបតែនឹងពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕