“កិច្ចការដែលយើងកំពុងធ្វើនាពេលនេះ គឺអនុវត្តន៍ និងសម្រេចឱ្យបានតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ហើយការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្តីពីគោលការណ៍រួមក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ”
“កិច្ចការដែលយើងកំពុងធ្វើនាពេលនេះ គឺអនុវត្តន៍ និងសម្រេចឱ្យបានតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ហើយការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្តីពីគោលការណ៍រួមក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។” នេះជាប្រសាសន៍របស់ ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងសិក្ខាកាមដែលមានមុខងារពាក់ព័ន្ធសរុបចំនួនប្រមាណ ៣៥០នាក់។
ថ្លែងក្នុងមតិស្វាគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ បានលើកឡើងថា “ដើម្បីធានាការផ្តល់សេវាសុខាភិបាល ២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុង១សប្តាហ៍ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ បាន និងកំពុងធ្វើការវិភាគមុខងារ និងត្រួតពិនិត្យរចនាសម្ព័ន្ធ រួមជាមួយនឹងការធ្វើបច្ចុប្បន្នទិន្នន័យបុគ្គលិកទាំងអស់ នៅតាមអង្គភាពភាពសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃអំពីចំនួនមន្រ្តីជំនាញវិជ្ជាជីវៈសុខាភិបាល ដែលត្រូវការជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលនីមួយៗ មុននឹងលើកស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ក្នុងជ្រើសរើស និងពង្រាយមន្រ្តីទៅតាមអង្គភាពគោលដៅទាំងនោះ។”
ក្នុងពិធីបើកនាពេលនេះ ឧត្តមរដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា បានបញ្ជាក់ពីគោលបំណងក្នុងការៀបចំសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង របស់ក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការធនធានមនុស្ស ការវាយតម្លៃអំពីតម្រូវការមន្ត្រីជំនាញវិជ្ជាជីវៈសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ព្រមទាំងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីឆ្លុះបញ្ចាំងជាមួយនឹងទស្សនទានថ្មីៗ និងគោលការណ៍រួមក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។ ឯកឧត្តម បានបន្ថែមថា កិច្ចការដែលយើងកំពុងធ្វើនាពេលនេះ គឺអនុវត្តតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ហើយការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្តីពីគោលការណ៍រួមក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចង្អុលទិស និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចុងបញ្ចប់ ឯកឧត្តមប្រចាំការ ក៏បានថ្លែងអរគុណជាពន្លឹកដល់ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណកម្មការប្រតិបត្តិនៃគ.វ.រ. ដែលជាវិធានការគន្លឹះទី១ នៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ និងបានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាច្រើនលើក រហូតសម្រេចបានលទ្ធផលក្នុងការរៀបចំជាសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីយកមកពិនិត្យពិភាក្សា ពិគ្រោះយោបល់ និងប្រមូលធាតុចូលក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។
សូមបញ្ជាក់ថា ក្នុងពិធីបិទសិក្ខាសាលានាថ្ងៃស្អែក នឹងមានកាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)៕