ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចាប់ផ្តើម


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ វិញ្ញាសាសរសេរលើកទី១។ វិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ ច្បាប់ រដ្ឋបាល នយោបាយ អាស៊ាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានតាក់តែងដោយអនុគណៈកម្មការមេប្រយោគ នាព្រឹកនេះ។ បន្ទាប់មក ជម្រើសវិញ្ញាសាត្រូវបានជ្រើសរើសសំណួរ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយផ្ទាល់ ដើម្បីដាក់ជូនបេក្ខជនប្រឡងប្រជែង។

សូមជម្រាបថា បេក្ខជនដែលត្រូវចូលប្រឡងប្រជែងជ្រើសរើសសិស្សមន្ដ្រីក្រមការ ជំនាន់ទី១១ សរុបចំនួន ៨,១៧៣អង្គ/នាក់ (ស្រី ៤,១៤១នាក់) ដោយបែងចែកជា ២វេន៖ វេនទី១ បេក្ខជនដែលបានជ្រើសរើសប៉ុស្តិ៍នៅរដ្ឋបាល ក្រុង ស្រុក នៃខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តកែប។ វេនទី២ បេក្ខជនដែលបានជ្រើសរើសប៉ុស្តិ៍នៅរដ្ឋបាល ខណ្ឌ ក្រុង ស្រុក នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តសៀមរាប៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១