ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាបញ្ចកោណឆ្នាំ២០២៣


ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាបញ្ចកោណឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសមត្ថភាពយុវជនក្នុងវិស័យគោលនយោបាយសាធារណៈ។


តាមរយៈកិច្ចពិភាក្សាតុមូល ស្តីពីបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តម បានលើកឡើងអំពី បាវចនា នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានបន្ថែមអំពីអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ជាការកត់សម្គាល់លើនេះ ឯកឧត្តមបានរំលេចពីការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ។ ក្នុងន័យនេះ ក្រសូួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល មានភារកិច្ចជំរុញការងារនានាជុំវិញការកែទម្រង់លើវិស័យនេះ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ សម្រាប់ការអនុវត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។


លើសពីនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើអាទិភាពទាំង៥ នៃបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្សរួមមាន ១). ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២). ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣). ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង៥). ការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។


ចុងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្ស និស្សិត យុវជនជាង២០០នាក់ ដែលកំពុងសិក្សាជំនាញគោលនយោបាយសាធារណៈតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងវេទិកាពិភាក្សានេះគឺ ១). យុវជនត្រូវចេះរៀនស្តាប់ ២). រៀនគិតពិចារណាឱ្យបានស៊ីជម្រៅ ៣). រៀនកត់ ៤). រៀនប្តូរទម្លាប់អាក្រក់ក្នុងខ្លួន ៥). រៀនសូត្រពេញមួយជីវិត ៦). រៀនធ្វើសកម្មភាពដែលជួយអភិវឌ្ឍន៍សង្គមឱ្យរីកចម្រើន និង៧). រួមគ្នាអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១