ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំដែងការគួរសម និងសំណេះសំណាល ពីឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា


តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំដែងការគួរសម និងសំណេះសំណាល ពីឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។


ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានរំលេចនូវលទ្ធផលសំខាន់ៗមួយចំនួនដែលជាសមិទ្ធផលពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ លើគ្រប់កម្រិត ប្រទេស និងប្រទេស ប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ តាមរយៈការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាលើប្រធានបទគោល ផ្តើមពីស្ថានភាពនៃវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ កិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ និងឱកាសនានាសម្រាប់យុវជន ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការយល់ច្បាស់ពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១