ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍នៅក្នុងពិធីកាត់វិញ្ញាសាវេនទី៣ ថា “ប្អូនៗបេក្ខជនទាំងអស់ ចាប់ផ្តើមប្រឡងនាម៉ោង ១២ថ្ងៃត្រង់ ប៉ុន្តែគណៈកម្មការ បានចាប់ផ្តើមការងារតាំងពីម៉ោង ៥ព្រឹក រហូតដល់ការរៀបចំការប្រឡងចប់សព្វគ្រប់”
ការប្រឡងវេនទី៣ ដែលជាវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ នៃការប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើម ដោយមានវត្តមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិត នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន នៃគណៈកម្មការពាក់ព័ន្ធ ព្រមទាំង តំណាងក្រសួងសុខាភិបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ មានប្រសាសន៍នៅក្នុងពិធីកាត់វិញ្ញាសានេះថា “ប្អូនៗបេក្ខជនទាំងអស់ ចាប់ផ្តើមប្រឡងនាម៉ោង ១២ថ្ងៃត្រង់ ប៉ុន្តែគណៈកម្មការ បានចាប់ផ្តើមការងារតាំងពីម៉ោង ៥ព្រឹក រហូតដល់ចប់សព្វគ្រប់ក្នុងការរៀបចំការប្រឡងក្នុងពេល១ថ្ងៃៗ”។ ទន្ទឹមនេះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់បេក្ខជនគ្រប់ៗ ឱ្យទទួលបានជោគជ័យ តាមរយៈការប្រើប្រាស់សមត្ថភាពរៀងៗខ្លួន។
សូមជម្រាបផងដែរថា ការប្រឡងជាវេនទី៣នេះ គឺជាវិញ្ញាសាពហុចម្លើយទៅលើជំនាញឯកទេសពាក់ព័ន្ធ និងចំណេះដឹងទូទៅដែលផ្តោតទៅលើឯកទេសវិស័យសុខាភិបាល ព័ត៌មានវិទ្យា គណនេយ្យ និងរដ្ឋបាល៕