ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធឧបាសិកា ជង សាវ៉េន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ


នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធឧបាសិកា ជង សាវ៉េន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៧:៥០នាទីយប់ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ជាមួយឯកឧត្តម រស់ សូផាន់ ដែលត្រូវជាកូនប្រសារ និងលោកជំទាវ ប្រឹង សាវុធ​ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ដែលបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងប្រតិភូទាំងអស់​ រួមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តម រស់ សូផាន់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ជង សាវ៉េន ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១