ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញមានវត្តមាននៅមណ្ឌលប្រឡងដើម្បីតាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៩,១៣០នាក់
រាល់ការប្រឡងនីមួយៗ ជម្រើសវិញ្ញាសាត្រូវបានតាក់តែងលើសពីចំនួនដែលនឹងត្រូវជ្រើសរើស។ ជាក់ស្តែង
ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សាថ្ងៃនេះ វិញ្ញាសាវប្បធម៌ទូទៅ ត្រូវបានតាក់តែងយ៉ាងតិចចំនួន ៤៥សំណួរ និងផ្នែកវិញ្ញាសាគណិតវិទ្យា យ៉ាងតិចចំនួន ១០០សំណួរ តាមវេននីមួយៗ។ បន្ទាប់មក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានធ្វើការជ្រើសរើសប្រធានវិញ្ញាសា ក្នុងចំណោមជម្រើសទាំងអស់។ ប្រធានវិញ្ញាសាដែលត្រូវបានជ្រើសរើសរួមមាន៖ សំណួរវប្បធម៌ទូទៅ ចំនួន ៣០សំណួរ និងគណិតវិទ្យា ចំនួន ៧០សំណួរ។
ប្រធានវិញ្ញាសា ចំនួន ១០០សំណួរ ត្រូវបានអនុគណៈកម្មការកណ្តាល បន្តនីតិវិធីនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វេនទី៣ និងទី៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាសៀលថ្ងៃនេះ។
គួរបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្ត៕