ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផល នៅវត្តសិរីសោភា ហៅអង្គតាម៉ិញ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ (នៅទល់មុខជាមួយទីស្តីការក្រសួងមុខងារសាធារណៈ) ដែលស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទី១ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ពិធីបុណ្យនេះមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធិជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ព្រះថេរានុថេរៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងមន្ត្រីរាជការជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមយុវជនកាកបាទក្រហម ស.ស.យ.ក. កាយរិទ្ធ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ចៅអធិការអង្គតាមិញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពី សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។ ឯកឧត្តមបានរំលេច កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។
មានប្រសាសន៍បន្តនាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា “សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់ របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បានជំនះនូវបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ ដើម្បីទទួលបានជ័យជម្នះ និងសន្តិភាពពេញលេញ ហើយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងកសាងរហូតឈានដល់ការអភិវឌ្ឍប្រទេសដូចបច្ចុប្បន្ន។” ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រការអនុវត្តគម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។
សូមជម្រាបជូនថា វត្តអង្គតាម៉ិញ បានកសាងឡើងក្នុងឆ្នាំ១៨៩៨ មានផ្ទៃក្រឡា ៣,០២ហិចតា ស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទី១ រាជធានីភ្នំពេញ។ សមិទ្ធផលទាំងឡាយដែលធ្វើការសម្ពោធនាពេលនេះ រួមមាន ប្រសាទមួយ ពង្រីកសាលាធម្មសភា ព្រះពុទ្ធរូបមួយអង្គធំ និងផ្ទាំងគំនូរ ៨២ផ្ទាំងក្នុងសាលាធម្មសភា ដែលគិតជាទឹកប្រាក់សាងសង់សរុបប្រមាណ ២៩៣,៥០០ដុល្លារអាមេរិច៕