អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤)
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។
ទាំងអស់គ្នា រួមគ្នា ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕