អបអរសាទរ ខួបលើកទី២៥ ដែលកម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

ខួប២៥ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២៤) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម ហើយការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ។ ស្របពេលជាមួយគ្នានេះ កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងការលើកកម្ពស់ អភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ជាពិសេសការផ្លាស់ប្តូរការបណ្តុះបណ្តាលធនធានមនុស្ស និងភាពជាអ្នកដឹកនាំទៅលើវិស័យមុខងារសាធារណៈ ជូនមន្ត្រីរាជការស៊ីវិល។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕