អបអរសាទរកម្ពុជា! អបអរសាទរការបេីកការដ្ឋាន «ព្រែកជីកហ្វូណន តេជោ» ពីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល!


ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់កម្ពុជា គឺការបើកការដ្ឋាន «ព្រែកជីកហ្វូណន តេជោ»។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាលាភូមិន្ទរដ្ឋបាល បានជួបជុំគ្នានៅទីស្តីការក្រសួង និងនៅសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមអបអរសាទរក្នុងស្មារតីប្រជាជនខ្មែរ ដើម្បីប្រជាជាតិកម្ពុជារបស់យើង។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។

ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជា មានច្រកនាំចេញដោយខ្លួនឯង និងជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានា ក្នុងការនាំចេញទំនិញរបស់កម្ពុជា។ សូមអបអរសាទរកម្ពុជា ដែលសម្រេចបានសមិទ្ធផលធំៗសម្រាប់ប្រជាជាតិរបស់យើងជាបន្តបន្ទាប់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១