អនុគណៈកម្មការរៀបចំការប្រឡងប្រជែងនីមួយៗ បានមកដល់ទីតាំងមណ្ឌលប្រឡងសាលាភូមិន្ទភ្នំពេញ ហើយអនុវត្តតាមតួនាទី ដែលបានកំណត់ សម្រាប់ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឱ្យបានភាពរលូនតាមការគ្រោងទុក


ខណៈវិញ្ញាសាកំពុងត្រូវបានរៀបចំតាក់តែង។ វិញ្ញាសាដែលកំពុងតាក់តែងរួមមានសំណួរពហុចម្លើយ ផ្នែកវប្បធម៌ទូទៅ ៣០% និងផ្នែកគណិតវិទ្យា ៧០%។ ដើម្បីរៀបចំតាក់តែងវិញ្ញាសា ក្រសួងអប់រំ យុវជន និងកីឡា បានចាត់បញ្ជូនបញ្ជីឈ្មោះសមាសភាពអ្នកតាក់តែងវិញ្ញាសា ដែលជាគ្រូបង្រៀនតាមវិទ្យាល័យផ្សេងគ្នា សម្រាប់វេនប្រឡងនីមួយៗ មកក្រសួងមុខងារសាធារណៈ។ ក្នុងនោះ ក្នុងមួយវេនត្រូវមានជម្រើសសមាសភាព អ្នកតាក់តែងវិញ្ញាសាផ្នែកវប្បធម៌ទូទៅចំនួន ៦រូប និងវិញ្ញាសាផ្នែកគណិតវិទ្យាចំនួន ១០រូប។


បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ ពិនិត្យ និងជ្រើសរើសគ្រូតាក់តែងវិញ្ញាសាវប្បធម៌ទូទៅ ចំនួន ៣រូប និងវិញ្ញាសាគណិតវិទ្យា ចំនួន ៥រូប នៃវេននីមួយៗ ក្នុងពេលកំណត់ណាមួយ មុនថ្ងៃប្រឡង។

គួររំលឹកផងដែរថា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈ កំពុងដឹកនាំរៀបចំ តម្រូវឱ្យមានការតាក់តែងវិញ្ញាសាពេលព្រឹក សម្រាប់ការប្រឡងពេលរសៀល ក្នុងថ្ងៃតែមួយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១