សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាដៃគូយ៉ាងសំខាន់ដែលចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
កន្លងមកយុវជន នៃសហភាពសហព័ន្ធុកម្ពុជា តែងតែបានចូលរួមជួយសម្របសម្រួល និងផ្តល់ព័ត៌មានផ្សេងៗជូនដល់បេក្ខជន និងអាណាព្យាបាលដែលអញ្ជើញមកចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ យុវជនស្ម័គ្រទាំងអស់នេះ សុទ្ធតែបានបង្ហាញពីក្តីរីករាយ និងមោទនភាព ដែលខ្លួនបានចូលរួមជាផ្នែកមួយជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ ជាពិសេសលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ មិនត្រឹមតែប៉ុណ្ណោះប្អូនៗ បានបង្ហាញថា ការចូលរួមនេះ ជាការអភិវឌ្ឍសមត្ថភាពជំនាញទន់របស់ខ្លួនដូចជាលើការសម្របសម្រួលមហាជន ទំនាក់ទំនង ការធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយក្រុមការងារ និងមន្ត្រីរាជការជាដើម។
សម្រាប់ការប្រឡងប្រជែងនាពេលនេះ យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រមាណ ៨០រូប បានចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មានទូទៅពីដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីទាំង ៤ក្របខណ្ឌ ជូនទៅដល់បេក្ខជនតាមការចាំបាច់ ក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សូមថ្លែងអរគុណដល់ប្អូនៗ ទាំងអស់គ្នា សម្រាប់ការចូលរួមបំពេញបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕