សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន


សន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

សន្និបាតមួយពេញមួយថ្ងៃ ក៏មានវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្តទាំង២៥ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្តទាំង២៥ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន កងកម្លាំងទាំង ៣ប្រភេទ(ថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត) ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបណ្តាក្រុង ស្រុក ទាំង២៥ រាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ទាំង២៥ រាជធានី ខេត្ត។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីថ្នាក់ជាតិ មានឱកាសបន្ថែមទៀតក្នុងការចូលរួមជួយអភិវឌ្ឍនៅមូលដ្ឋាននានាទូទាំងប្រទេស តាមរយៈការសហការការងារជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ។ ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ៖ (១)ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហការប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន (៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាប្រធាន មានមោទនភាពចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន ក្នុងនោះរួមមានការចូលរួមយ៉ាងសកម្មដើម្បីគាំទ្រ​ការអនុវត្តកម្មវិធី​គោលនយោបាយ​អាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងវិស័យសំខាន់ៗជាច្រើននៅក្នុងមូលដ្ឋានខេត្ត តាមរយៈកិច្ចប្រជុំ វេទិកា​សាធារណៈ និងកម្មវិធីនានាជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ បានចូលរួមជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង ហើយបានឆ្លើយតបសំណើ សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយ​ផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១