សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ


នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញើ្ជញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដែលជាកិច្ចប្រជុំលើកទី២ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួម ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធានលេខាធិការដ្ឋាន គ.វ.រ. រួមជាមួយនឹងសមាជិក សមាជិកា គ.វ.រ ជាច្រើនរូបផ្សេងទៀត នៅវិមានសន្តិភាព។


ក្រោយកិច្ចប្រជុំលើកទី១ របស់គ.វ.រ. ក្រសួងមុខងារសាធារណៈ និងក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. បានរៀបចំការងារស្នូលសំខាន់ៗជាច្រើនដែលឆ្លើយតបជាមួយវិធានការគន្លឹះទាំង៣ ដែលបានដាក់ចេញ។​ ជាការកត់សម្គាល់ សកម្មភាពសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ សម្រាប់ក្របខណ្ឌគ.វ.រ. រួមមាន៖ ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សរុបចំនួន ៦ដង ដោយបានជ្រើសរើសមន្ត្រីរាជការបានចំនួន ៩៧៥រូប ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន រួមជាមួយអនុវត្តន៍នូវកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ និងការងារដែលសម្រេចបានផ្សេងៗទៀត ដែលឆ្លើយតបជាមួយស្មារតីនៃកិច្ចប្រជុំលើកទី១។


ក្រសួងបាន ​និង​កំពុងបន្តអនុវត្តការងារជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់​ និងហ្មត់ចត់ជាទីបំផុត ក្នុងបេសកកម្ម​កែទម្រង់រដ្ឋបាលសាធារណៈ ជាមួយការអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១