សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងមុខងារសាធារណៈ ចូលជួបសម្តែងការគួរសម ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


នារសៀលថ្ងៃអង្គារ​ ទី១១​ ខែមីនា​ ឆ្នាំ២០២៥ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅភូមិគ្រឹះសម្តេចកិត្តិសង្គហបណ្ឌិត។

ថ្លែងក្នុងឱកាសនេះ​ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះ លោកជំទាវ សៅ សុគន្ធារី​ ដែលតែងតែបំពេញតួនាទីបានយ៉ាងសកម្ម ក្នុងការដឹកនាំនារីក្រសួងមុខងារសាធារណៈ បំពេញការងារស្នូលផង និងការងារសង្គមផង ដែលសកម្មភាពទាំងនេះជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើកកម្ពស់ សិទ្ធិ សេរីភាពនារីក្រសួងមុខងារសាធារណៈ ក្រោមជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា នៅក្នុងអណត្តិទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្កការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី​ និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ ចរិយាធម៌ ស្របទៅនឹងពាក្យស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើ រឿងជោគជ័យនៅខាងក្រៅដែរ»។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យ លោកជំទាវ សៅ សុគន្ធារី និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមុខងាសាធារណៈទាំងអស់ កាន់តែទទួលបានការគាំទ្រ និងជោគជ័យបន្ថែមទៀតក្នុងការងារស្នូល​ និងការងារសង្គម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១