មណ្ឌលសុខភាពគោកចក បានសាងសង់ឡើងនៅឆ្នាំ១៩៩៧ ដោយមូលនិធិសកលរបស់រាជរដ្ឋាភិបាល


មណ្ឌលសុខភាពគោកចក បានសាងសង់ឡើងនៅឆ្នាំ១៩៩៧ ដោយមូលនិធិសកលរបស់រាជរដ្ឋាភិបាល ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងមានផ្ទៃក្រឡា៩៩៦ម៉ែត្រការ៉េ គ្របដណ្តប់ឃុំចំនួន១ និងភូមិចំនួន៨ ដែលមានប្រជាជនសរុប ២៨,១៣០នាក់(ស្រី ១៥,៨២៣នាក់) មានបុគ្គលិកកំពុងបម្រើការចំនួន ៨នាក់ និងអ្នកអនាម័យ ១នាក់។


បន្ទាប់ពីមានការអភិវឌ្ឍ មណ្ឌលសុខភាពរួចមក មានអ្នកមកទទួលសេវាមានការកើតឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យបុគ្គលិកមានកម្លាំងចិត្តបំពេញការងារ ជូនប្រជាពលរដ្ឋដោយមិនខ្លាចការនឿយហត់ទោះថ្ងៃ ឬយប់ មណ្ឌលសុខភាពតែងមានបុគ្គលិកប្រចាំការ ២៤ម៉ោង/២៤ម៉ោង ពួកគាត់ធ្វើការដោយបេះដូង និងដោយស្នាមញញឹម។


ក្នុងឆ្នាំ២០២៣ មណ្ឌលសុខភាពគោកចក មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល។ មិនខុសពីអង្គភាពផ្សេងៗទៀតនោះទេ មណ្ឌលសុខភាពគោកចក ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន៨ ប្រកបដោយសុក្រឹត្យភាព តម្លាភាព និងសមិទ្ធកម្ម។ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ក៏ត្រូវឆ្លងកាត់ការវាយតម្លៃទាំងថ្នាក់ក្រោមជាតិ រហូតឈានដល់ការវាយតម្លៃដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពោលគឺប្រមាណ៣ខែ ក្រោយការទទួលបានជាជ័យលាភីចំណាត់ថ្នាក់លេខ២ លោកស្រី ភាសំបូ លីណា ដែលជាប្រធានមណ្ឌលសុខភាពគោកចកមានប្រសាសន៍ថា “ដើមឡើយអ្វីដែល យើងខ្ញុំខិតខំប្រឹងប្រែងធ្វើ មិនមែនដើម្បីការប្រកួតប្រជែងនោះទេ គឺដើម្បីផ្តល់សេវាល្អ និងរៀបចំទីកន្លែងដែលមានផាសុកភាពជូនប្រជាពលរដ្ឋ។” លោកស្រីបានបន្ថែមថា “តាមរយៈការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃនេះហើយ ទើបធ្វើឱ្យយើងទទួលបានការគាំទ្រ និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតប្រជែង។”


ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយក្នុងនោះមានមុំ១ ផ្តោតសំខាន់លើវិស័យសុខាភិបាល គឺការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានបន្តអនុវត្តកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ លើវិស័យអាទិភាពចំនួនពីរគឺ៖ វិស័យសុខាភិបាល និងវិស័យអប់រំ ដែលមានក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំក្នុងគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធិភាព សមិទ្ធកម្ម និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងសុខាភិបាលឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១