ព្រឹកនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ.

សិក្ខាសាលានេះរៀបចំឡើង ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាលអង្គភាពផ្សេងៗទៀត ដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ។ សិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលគ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅថ្ងៃបន្ទាប់។

សូមជម្រាបថា សិក្ខាសាលាចែករំលែកបទពិសោធនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយក នាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែក ព្រមទាំងសមាជិក សមាជិកាជាសិក្ខាកាមសរុបចំនួនប្រមាណ ២០០០នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១