ពាក្យ«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ត្រូវបានលើកឡើងជាញឹកញយ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលក្រសួងមុខងារសាធារណៈ កំពុងដំណើរការរៀបចំ


នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានរៀបរាប់ពីការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំនួន៣ គឺ៖​ (វិធានការគន្លឹះទី១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (វិធានការគន្លឹះទី២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង(វិធានការគន្លឹះទី៣)ការដាក់អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្រោមការងារដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ទន្ទឹមនឹងការលើកឡើងនេះ ទាំងឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សុទ្ធតែលើកឡើងនូវពាក្យគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈមួយគឺ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ការលើកឡើងបែបនេះ គឺដើម្បីបង្កើននូវស្មារតីរួម សហការគ្នាជាធ្លុងមួយ ក្នុងការជំរុញអនុវត្តឱ្យសម្រេចជោគជ័យលើការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថារាល់ការអនុវត្តការងារកែទម្រង់ ទាមទារឱ្យមានការចូលរួមឧ្យមានភាពប្រទាក់ក្រឡាគ្នា ពីគ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយត្រូវតែគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្តថា ក្រសួងមុខងារសាធារណៈ តែងតែត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមគាំទ្រ ក្រសួង ស្ថាប័នទាំងអស់ ដើម្បីអនុវត្តការងារដែលរាជរដ្ឋាភិបាលបានដាក់ជូន។

“ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គឺជាមូលដ្ឋានគ្រឹះក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល នៅក្នុងបរិការណ៍នៃការវិវត្តប្រែប្រួលយ៉ាងរហ័ស នៃសភាពការណ៍សង្គម-សេដ្ឋកិច្ច ទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចំនួន៣ សំខាន់ៗ រួមមាន៖ (១) ផ្សព្វផ្សាយ និងចែករំលែក ដើម្បីស្វែងយល់អំពីបេសកកម្មរបស់ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាឆ្ពោះទៅកាន់ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (២) ផ្សព្វផ្សាយ និងចែករំលែកពីការរួមចំណែកនៃការគាំទ្ររបស់ផែនការសកម្មភាពនេះ ដល់យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង(៣) ផ្សព្វផ្សាយ និងចែករំលែកដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រផែនការសកម្មភាព និងយន្តការបណ្តុះបណ្តាលលវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមទាំងអស់គ្នា។

សិក្ខាសាលារយៈ ១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមានការចូលរួមពីប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលទាំង៥ រួមមាន៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១