«ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះ ក្នុងការពិភាក្សាជាមួយក្រសួងស្ថាប័ននានា លើដំណើរការរៀបចំការប្រព្រឹត្តទៅ និងរចនាសម្ព័ន្ធ របស់ខ្លួន


កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ រួមជាមួយតំណាងក្រសួង ស្ថាប័ន ជាច្រើនទៀតដែលមានមុខងារពាក់ព័ន្ធផ្ទាល់ ឬប្រទាក់ក្រឡាគ្នាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ជាការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំបានអនុញ្ញាតឱ្យមានការចូលរួមមតិយោបល់ពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ម្តងមួយៗ។ មតិយោបល់ ទាំងអស់នោះ ជាការបញ្ជាក់ និងធានាថា មុខងារដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងត្រូវអនុវត្តថ្មីនេះ មិនបានត្រួតស៊ីគ្នា ឬជាន់គ្នា ជាមួយក្រសួង ស្ថាប័នផ្សេង ស្របតាមការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ពោលគឺការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ អ្វីដែលជាការកត់សម្គាល់ លើសពីនេះទៅទៀតនោះគឺ រាល់កិច្ចប្រជុំជាមួយក្រសួងស្ថាប័នបែបនេះ អង្គប្រជុំតែងតែប្រកាន់ខ្ជាប់នូវការអនុវត្តអភិក្រមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជានិច្ចគឺ «ពង្រឹង ជាជាងពង្រីក»។ អភិក្រមនេះ ជាការកំណត់ឱ្យបានប្រាកដថា ក្រសួងស្ថាប័ននីមួយៗ ត្រូវធ្វើការវិភាគមុខងារ ហើយប្រសិនបើមានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួន ត្រូវធ្វើយ៉ាងណា មិនឱ្យមានការពង្រីករចនាសម្ព័ន្ធនោះឡើយ ពោលគឺការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់សក្កានុពលជាមុនសិន។

កិច្ចប្រជុំទទួលបាននូវមតិយោបល់ចូលរួមជាច្រើនពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយក្រុមការងារបច្ចេកទេសនិងប្រមូលនូវធាតុចូលទាំងអស់នោះដើម្បីកែលម្អកម្រិតបច្ចេកទេសជាបន្តទៀត និងទុកពេលវេលាឱ្យក្រសួង ស្ថាប័នចំនួនពីរសប្តាហ៍ដើម្បីចូលរួមជាមតិយោបល់ជាលាយលក្ខណ៍អក្សរជូនមកក្រុមការងារបច្ចេកទេស ដើម្បីសម្រេចនូវសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ហើយបន្តនីតិវិធី និងដាក់ជូនថ្នាក់ដឹងនាំពិនិត្យសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១