ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌


នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខរបស់ក្រសួងមុខងារសាធារណៈ ជូនចំពោះក្រុមគ្រួសារនៃសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២:២៦នាទីរសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ក៏ដូចជាថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ហើយសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ មរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។

ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១