ប្រតិភូក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងក្នុងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និងខួបលើកទី៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ
កូនចៅ ចៅទួត និងមន្រ្តីរាជការទាំងអស់ ចងចាំជានិច្ចនូវព្រះរាជឱង្ការរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ» ដែលមានខ្លឹមសារថា “ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះ ឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។ អាវុធសំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខារដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះគឺ ការរួបរួមចងដាច់គ្នាជាធ្លុងមួយនៃយើងនេះឯង។ ខ្ញុំជឿជាក់ថា ការរួបរួមរបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល។”
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនកម្ពុជា។
ប្រតិភូក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងក្នុងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និងខួបលើកទី៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ៕