ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា ចាយ ឃីម
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឧបាសិកា ចាយ ឃីម ត្រូវជាម្តាយក្មេក ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយឯកឧត្តម ហាស់ ប៊ុនថ្ថន និងលោកជំទាវ បួយ ប៉ុញ្ញាតា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាយ ឃីម។ មរណភាពឧបាសិកា ចាយ ឃីម គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលពេញមួយជីវិតរបស់ឧបាសិកា បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ ព្រមទាំងជាការបាត់បងនូវពុទ្ធសាសនិកដ៏ល្អមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាង លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងប្រតិភូ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា ចាយ ឃីម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕