ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សាឡិត ឆេងហ៊ាង ត្រូវជាម្តាយរបស់ឯកឧត្តមបណ្ឌិត សួន រ៉ានី និងឯកឧត្តម សួន រស្មី


នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សាឡិត ឆេងហ៊ាង ត្រូវជាម្តាយរបស់ឯកឧត្តមបណ្ឌិត សួន រ៉ានី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង នៃអ.គ.ក.ស. ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧:៥៧នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

មរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សាឡិត ឆេងហ៊ាង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលពេញមួយជីវិតរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សាឡិត ឆេងហ៊ាង បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ ព្រមទាំងជាការបាត់បងនូវពុទ្ធសាសនិកដ៏ល្អមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាង លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយឯកឧត្តមបណ្ឌិត សួន រ៉ានី រដ្ឋលេខាធិការ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង ព្រមទាំងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា សាឡិត ឆេងហ៊ាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១