ប្រតិភូក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ច​ប្រ​ជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​អាស៊ាន និងអាស៊ានបូកបី ស្តីពី​កិច្ចការ​មុខងារ​សាធារណៈ​ នៅប្រទេសប្រ៊ុយណេ


ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានចូលរួមកិច្ច​ប្រ​ជុំមន្ត្រីជាន់ខ្ពស់ (Senior Officials Meeting -SOM) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​អាស៊ាន និងអាស៊ានបូកបី ស្តីពី​កិច្ចការ​មុខងារ​សាធារណៈ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ កិច្ចប្រជុំនេះ ជាផ្នែកមួយនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ​អាស៊ាន និងអាស៊ានបូកបី ស្តីពី​កិច្ចការ​មុខងារ​សាធារណៈ​ (22nd ASEAN Cooperation on Civil Service Matters – ACCSM & 7th ASEAN Plus Three Cooperation on Civil Sevice Matters – ACCSM+3)។

ក្នុងនាមជាប្រធាន នៃកិច្ចប្រ​ជុំមន្ត្រីជាន់ខ្ពស់ខាងលើ ​ ដែលជាតំណាងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈុន សុជាតិ បានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន៥ ស្ថិតក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​អាស៊ានបូកបី ស្តីពី​កិច្ចការ​មុខងារ​សាធារណៈ​។ គម្រោងទាំងនោះរួមមាន៖ (១) ASEAN Guidelines on Public Service Delivery (២) Transformative Leadership (៣) Digitalization in Public Administration (៤) ASEAN+3 Forum on Public Service Delivery និង (៥) ASEAN+3 Centre for Civil Service Research and Innovation។ ទន្ទឹមនេះ ភាគីកម្ពុជាបានធ្វើបទបង្ហាញខ្លី ឆ្ពោះទៅការទទួលធ្វើជាប្រធានប្តូរវេន 23rd ACCSM & 8th ACCSM+3 សម្រាប់ឆ្នាំ២០២៤ -២០២៦។

គួរជម្រាបថា កិច្ច​ប្រ​ជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​អាស៊ាន និងអាស៊ានបូកបី ស្តីពី​កិច្ចការ​មុខងារ​សាធារណៈ​ មានការអញ្ជើញចូលរួមពីតំណាងប្រទេសអាស៊ានទាំង១០, ប្រទេសទីម័រខាងកើត (ជាអ្នកចូលរួមអង្កេត), និងប្រទេសបូកបី (សាធារណរដ្ឋប្រជាមានិតចិន, ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង) នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ​ខែសីហា ឆ្នាំ២០២៤។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១