“បេក្ខជនដែលបានចូលរួមប្រឡងប្រជែងនៅថ្ងៃនេះ អាចចូលរួមសង្កេតការណ៍នៅក្នុងដំណើរការកែសន្លឹកកិច្ចការនាថ្ងៃស្អែកបាន”​


ក្នុងពិធីកាត់វិញ្ញាសាសំណួរពហុចម្លើយចំណេះដឹងទូទៅ និងចំណេះដឹងទូទៅជំនាញ/ឯកទេស ដែលជាម៉ោងទី២ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានមានប្រសាសន៍ថា សម្រាប់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងនៅថ្ងៃនេះ ហើយមានចំណាប់អារម្មណ៍ ឬចង់ចូលរួមសង្កេតការណ៍នៅក្នុងដំណើរការកែសន្លឹកកិច្ចការ អាចអញ្ជើញចូលរួមនៅថ្ងៃស្អែកនេះ។ ឯកឧត្តម លើកឡើងនេះ ជាការបង្ហាញពីតម្លាភាពនៃការប្រឡងប្រជែងថា គ្រប់ដំណាក់កាលទាំងអស់តែងតែគោរពតាមគោលការណ៍ដែលមានចែង និងមានការចូលរួមសង្កេតការណ៍គ្រប់ពេលវេលាប្រកបដោយតម្លាភាព។

សូមជម្រាបថា ពិធីកាត់វិញ្ញាសានេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន នៃអនុគណៈកម្មការពាក់ព័ន្ធ ព្រមទាំង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍តំណាងមហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

វិញ្ញាសាម៉ោងទី២នេះ ជាការប្រឡងប្រជែងលើ៖

👉មុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ច និង (២)ជំនាញពន្ធដារ និងឯកទេស មានរយៈពេល ២ម៉ោង។

👉មុខតំណែងក្នុងឧបសម្ព័ន្ធទី២៖ សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ច និង (២)ជំនាញពន្ធដារ និងគណនេយ្យ មានរយៈពេល ២ម៉ោង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១