នៅថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ នឹងបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វេនទី៥ ដល់វេនទី៨ ដើម្បីជ្រើសសម្រាំងបេក្ខជន វិញ្ញាសាសរសេរលើកទី១
នៅថ្ងៃស្អែកបេក្ខជន ៨,២៩៩នាក់ មកពីបណ្តាខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម, ខេត្តក្រចេះ, ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ដែលនឹងត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជន)។ ការប្រឡងប្រជែងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ វេនទី៥-៦-៧-៨ ដែលបន្តពីវេនទី១-២-៣-៤ កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៤ សប្តាហ៍មុន។
រៀងរាល់ពេល មុនការប្រឡងមួយថ្ងៃ គណៈកម្មការ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធ តែងតែចុះពិនិត្យមណ្ឌលប្រឡង ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីខុសប្រក្រតីណាមួយ (ដោយចេតនា ឬអចេតនា) ធានាឱ្យបាននូវសណ្តាប់ធ្នាប់ និងការរៀបចំ ដែលឆ្លុះបញ្ចាំងពីភាពច្បាស់លាស់ តម្លាភាព យុត្តិធម៌ និងផ្តល់ជំនឿទុកចិត្តជូនដល់បេក្ខជន និងសារធារណជន។
ជាក់ស្តែង នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការរៀបចំការប្រឡងប្រជែង មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការ ចុះពិនិត្យមណ្ឌលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។