ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណ ប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦


(ទីស្តីការក្រសួង)៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត អមនឹងសម្តែងរបាំត្រុដិ ដើម្បីជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដែលពិធីនេះបានប្រារព្ធនៅទីស្តីការក្រសួងមុខងារសាធារណៈ។ ​​​​​​​


ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ។ ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទ នៃក្រសួងមុខងារសាធារណៈទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។ ​​​​​​​


ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចមន្រ្តីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ដែលបានមកចូលរួមក្នុងពិធីសូត្រមន្តនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ និងដើម្បីប័ង្សុកូលជូនដល់វិញ្ញាណក្ខ័ន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃ ចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ​​​​​​​


ទន្ទឹមនឹងការទស្សនាការសំដែងរបាំត្រុដិ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ផ្តាំផ្ញើទៅកាន់សិល្បករ សិល្បការនីរបាំត្រុដិ ក៏ដូចអ្នកចូលរួម ឲ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងដឹងពីស្នាដៃនិងតម្លៃរួមរបស់បុព្វបុរសជំនាន់មុន ក៏ដូចជាសមិទ្ធផលសង្គមជាតិរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាគ្រឹះរឹងមាំសំរាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កូនចៅជំនាន់ក្រោយ។ ​​​​​​​

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១