ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

នៅក្នុងទិវាដ៏មហានក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ។
ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្រប្រកបដោយព្រះព្រហ្មវិហារធម៌ និងទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់យ៉ាងច្រើន ក្នុងព្រះរាជសកម្មភាព មនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ដើម្បីជាសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រខ្មែរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យ បង្គំអញ្ជលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះឫទ្ធានុភាពនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា “ព្រះបរមរតនកោដ្ឋ” សូមព្រះមេត្តាតាមជួយគ្រងអភិបាលរក្សាការពារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសព្រះរាជទាន ព្រះមេត្តាទទួលនូវសេយ្យភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។