ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

នៅក្នុងទិវាដ៏មហានក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតលំឱនកាយគោរពថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌របស់ព្រះអង្គ និងសូមក្រាបបង្គំអភិវន្ធសម្តែងថ្វាយព្រះសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្បូរសប្បាយ ថ្កុំថ្កើង និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យ បង្គំអញ្ជលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះឫទ្ធានុភាពនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា “ព្រះបរមរតនកោដ្ឋ” សូមព្រះមេត្តាតាមជួយគ្រងអភិបាលរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជទាន ព្រះមេត្តាទទួលនូវសេយ្យភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។