ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “ការកែទម្រង់អភិបាលកិច្ចនិងវិស័យសាធារណៈ ៖ ការគ្រប់គ្រងសាធារណៈជំនាន់ថ្មី (Public Governance and Public Sector Reform-NPM to Today)”
កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានដឹកនាំប្រតិភូនៃក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “ការកែទម្រង់អភិបាលកិច្ចនិងវិស័យសាធារណៈ ៖ ការគ្រប់គ្រងសាធារណៈជំនាន់ថ្មី (Public Governance and Public Sector Reform-NPM to Today)” ដែលបានរៀបចំនិងសម្របសម្រួលដោយ សាកលវិទ្យាល័យ Victoria University of Wellington នៃប្រទេសណូវែលហ្សេឡង់។
វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងក្របខណ្ឌយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល ដោយមានសមាសភាពចូលរួមពីការដ្ឋានកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាលរួមមាន៖ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង គណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងគោលបំណងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធនៃការកែទម្រង់អភិបាលកិច្ចរបស់រដ្ឋាភិបាលនូវែលហ្សេឡង់ ដោយផ្អែកលើទ្រឹស្តីនិងទស្សនទាននៃ New Public Management (NPM) ដែលជាការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងនវានុវត្តន៍ ទៅលើទិដ្ឋភាពនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធរដ្ឋបាលសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល៕