ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បន្តរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វេនបន្ត នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមការគ្រោងទុក បេក្ខជន ១២,៤០៨នាក់ នឹងចូលរួមការប្រឡងប្រជែងនារសៀលនេះ ដែលតម្រូវឱ្យគណៈកម្មការរៀបចំការប្រឡងប្រជែងត្រូវសម្របសម្រួលច្រើនជាងមុន ហើយត្រូវប្រើប្រាស់អគារច្រើនជាងកាលពីម្សិលមិញ
មិនខុសពីសព្វមួយដងទេ វិញ្ញាសាដែលត្រូវតាក់តែងនាពេលព្រឹក ជាជម្រើសមានយ៉ាងតិច ១៤៥សំណួរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងជ្រើសរើស ១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ។
សម្រាប់ការប្រឡងប្រជែងវេនទី១៖
– វិញ្ញាសាចាប់ផ្តើមតាក់តែងនៅម៉ោង ៦៖០០នាទីព្រឹក នៅក្នុងបន្ទប់អនុគណៈកម្មការតាក់តែងវិញ្ញាសា។ វិញ្ញាសា ផ្នែកវប្បធម៌ទូទៅ ត្រូវបានតាក់តែងយ៉ាងតិចចំនួន ៤៥សំណួរ និងផ្នែកគណិតវិទ្យាយ៉ាងតិចចំនួន ១០០សំណួរ។
– នៅម៉ោង ៧៖៣០នាទីព្រឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានគណៈមេប្រយោគ ពិនិត្យជ្រើសរើសសំណួរវប្បធម៌ទូទៅចំនួន ៣០សំណួរ និងគណិតវិទ្យា ចំនួន ៧០សំណួរ។ វិញ្ញាសាពហុចម្លើយ ចំនួន ១០០សំណួរ ត្រូវបានជ្រើសរើស និងចុះហត្ថលេខាទទួលស្គាល់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានគណៈមេប្រយោគ ដើម្បីដាក់ជូនបេក្ខជនប្រឡង។
– នៅម៉ោង ៩៖៣០នាទីព្រឹក អនុគណៈកម្មការកណ្តាល ដំណើរការថតចម្លង និងវេចខ្ចប់ដាក់ក្នុងស្រោមសំបុត្របិទជិត ទៅតាមចំនួនបេក្ខជនក្នុងបន្ទប់នីមួយៗ។
– នៅម៉ោង ១១៖៣០នាទីព្រឹក កញ្ចប់វិញ្ញាសាប្រគល់ជូនទៅអនុគណៈកម្មការអប្បមាទ ដើម្បីយកទៅតាមបន្ទប់ប្រឡងនីមួយៗ ដែលការប្រឡងចាប់ផ្តើមនៅម៉ោង ១២៖០០នាទី ដល់ម៉ោង ១៤៖០០នាទី។
សម្រាប់ការប្រឡងប្រជែងវេនទី២៖
– ការតាក់តែងវិញ្ញាសា និងជ្រើសរើសវិញ្ញាសា មានការរៀបចំនាពេលព្រឹកដូចគ្នា។ អ្នកតាក់តែងវិញ្ញាសា មានសមាសភាពដែលខុសៗគ្នាតាមវេននីមួយៗ។
– នៅម៉ោង ១២៖៣០នាទីរសៀល អនុគណៈកម្មការកណ្តាល ដំណើរការថតចម្លង និងវេចខ្ចប់ដាក់ក្នុងស្រោមសំបុត្របិទជិត ទៅតាមចំនួនបេក្ខជនក្នុងបន្ទប់នីមួយៗ។
– នៅម៉ោង ១៥៖៣០នាទីព្រឹក កញ្ចប់វិញ្ញាសាប្រគល់ជូនទៅអនុគណៈកម្មការអប្បមាទ ដើម្បីយកទៅតាមបន្ទប់ប្រឡងនីមួយៗ ហើយការប្រឡងចាប់ផ្តើមនៅម៉ោង ១៦៖០០នាទី ដល់ម៉ោង ១៨៖០០នាទី។