ថ្ងៃនេះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានចូលមកដល់ថ្ងៃទី២ហើយ ដែលថ្ងៃនេះពិសេសមានពិធីសំពះព្រះខែ និងអកអំបុក នៅពេលរាត្រីផងដែរ


មិនខុសពីថ្ងៃទី១ ប៉ុន្មានទេ នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ឃើញថាភ្ញៀវជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករ នៅតាមដងទន្លេសាប ដើម្បីចូលរួមអបអរសាទរផង និងទស្សនានូវការប្រណាំងទូក ជាមួយនឹងការដើរកំសាន្ត នៅតាមតំបន់នានា ដែលកំពុងប្រារព្ធពិធីទាំងមុខព្រះបរមរាជវាំង ទាំងតាមដងទន្លេត្រើយខាងកើត និងតំបន់ផ្សេងៗទៀត ដែលមានការរៀបចំយ៉ាងសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ។

ក្នុងពេលរាត្រី នៅខាងមុខព្រះបរមរាជវាំង ក៏មានពិធីបណ្តែតប្រទីប របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន​ឯកជន ចំនួន ៣៦ប្រទីប ក្នុងនោះប្រទីបក្រសួងមុខងារសាធារណៈ ក៏មានវត្តមានផងដែរ ដែលរំលេចដោយភ្លើងពណ៌ដ៏ប្រណីតគួរជាទីចាប់អារម្មណ៍ និងបានរចនាឡើងដោយការរួមបញ្ចូលគ្នានៃរូបសញ្ញារបស់ក្រសួងមុខងារសាធារណៈ និងបន្ថែមរចនាបថលម្អមួយចំនួនទៀត។ នៅពាក់កណ្តាលរាត្រី ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មានការជួបជុំប្រជាពលរដ្ឋប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅតាមទីវត្តអារាមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១