តំណាងក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញអំពីការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងសន្និបាតក្រសួងមហាផ្ទៃ
ស្របតាមការចាត់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ជាតំណាងក្រសួងមុខងារសាធារណៈ ដើម្បីធ្វើបទបង្ហាញអំពីការកំណែទម្រង់រដ្ឋបាលសាធារណៈ ជូនអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមដែលជាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។
ក្នុងបទបង្ហាញឯកឧត្តម ឈុន សុជាតិ បានលើកឡើថា បើនិយាយពីការងារកែទម្រង់រដ្ឋបាលសាធារណៈ មន្ត្រីរាជការ គឺជាតួអង្គដ៏សំខាន់នៅក្នុងការងារកែទម្រង់នេះ។ ការងារកែទម្រង់ ត្រូវបានដាក់ឱ្យអនុវត្តដោយសារតែមានបញ្ហាប្រឈមកើតឡើងជាហូរហែរក្នុងរដ្ឋបាលសាធារណៈ ជាក់ស្តែងទាំងភាពមិនច្បាស់លាស់នៃស្ថានភាពសកល លើសពីនេះនៅក្នុងប្រទេសមហាអំណាច និងប្រទេសក្នុងតំបន់ ក៏មានការធ្វើកំណែទម្រង់ផងដែរ ដោយមានការកាត់បន្ថយស្ថាប័ន និងមន្ត្រី ឬដាក់មន្ត្រីឱ្យចូលនិវត្តន៍មុនកាលកំណត់ តែក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល មានមាគ៌ាច្បាស់លាស់ នៅក្នុងការកែទម្រង់តាំងក្នុងយុទ្ធសាស្ត្រត្រីកោណ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះ។ ឯកឧត្តមបានបន្ថែមថា ការកែទម្រង់ គឺជាដំណើរដែលពុំមានទីបញ្ចប់ ដែលត្រូវធ្វើជាប់ជាប្រចាំ ហើយការងារកែទម្រង់ក្នុងនីតិកាលទី៧ នេះ ពុំមែនជាការងារថ្មីទេ ជាការងារកែទម្រង់បន្តពីនីតិកាលមុនៗ តែអ្វីដែលថ្មី នៅក្នុងនីតិកាលទី៧ នេះ គឺជាការកំណត់នូវការងារអាទិភាព ជាការសម្រួចមុំ ដែលជាបញ្ហាប្រឈមនៅក្នុងរដ្ឋបាលសាធារណៈ ត្រូវដោះស្រាយ។
ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញអំពីសមិទ្ធផលសង្ខេបដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសធារណៈ (គ.វ.រ.) ដែលមានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ជាអង្គភាពសម្របសម្រួលរួម បានអនុវត្តតួនាទី និងភារកិច្ច ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ឆ្នាំ២០២៤ សម្រេចបានរួមមាន៖ វិធានការគន្លឹះទី១ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ក្រសួងបានរៀបចំការប្រឡងប្រជេងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌសម្រាប់ឆ្នាំ២០២៣ និងផ្អែកលើគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ចំនួន ១៦លើក (ត្រូវជា ៤១ដង) ដោយមានបេក្ខជនប្រមាណ ១២ម៉ឺននាក់ បានចូលរួមប្រឡងប្រជែងសម្រាប់ក្របខណ្ឌសរុប ៤៤៤៧កន្លែង សម្រាប់ ៨ក្រសួង ស្ថាប័ន។ វិធានការគន្លឹះទី២ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័ន ធ្វើសិក្ខាសាលាស្តីពីការវិភាគមុខងារនៅតាមក្រសួង ស្ថាប័ន ចំនួន១៥ ហើយបន្តចុះតាមក្រសួង ស្ថាប័ននៅសល់ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីខ្លឹមសារ នៃការវិភាគមុខងារ និងបន្តបង្កើតយន្តការគាំទ្រគ្នាទៅវិញទៅមក ជាមួយក្រសួង ស្ថាប័នលើកិច្ចការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធ។ និងវិធានការគន្លឹះទី៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្រសួងបានរៀបចំប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់វិស័យអាទិភាព ឱ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការប្រឡងប្រណាំង និងការប្រកួតប្រជែងជាអង្គភាពផ្តល់សាធារណៈគំរូ៕