តើអ្នកដឹងទេ? ការងារគន្លឹះមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលជាវិធានការគន្លឹះទី២

តើអ្នកដឹងទេ? ការងារគន្លឹះមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលជាវិធានការគន្លឹះទី២។ ការងារនេះ ជាផ្នែកមួយនៃបេសកកម្មឆ្ពោះទៅការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
យោងតាមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្រូវឱ្យគ្រប់ក្រសួង-ស្ថាប័នត្រូវធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ថរបស់ខ្លួនឱ្យបានចប់សព្វគ្រប់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ និងមិនត្រូវអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ។
កន្លងមក ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគ.វ.រ បានចាត់ចែងរៀបចំលិខិត បទដ្ឋានគតិយុត្ត និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាការអនុវត្ត ការគាំទ្រ ការតាមដាន ការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីណែនាំនេះ។ ក្នុងពេលនេះ ក្រសួងមុខងារសាធារណៈ កំពុងបន្តសហការ ពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដើម្បីឈ្វេងយល់ពីគ្នាទៅវិញទៅមក ដើម្បីគាំទ្រ និងជំរុញកិច្ចការនេះឱ្យអនុវត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។