ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ បង្ហាញឆន្ទៈក្នុងការចែករំលែកពិសោធន៍ និងភាពជាគំរូរបស់ខ្លួន


ក្នុងគោលដៅដើម្បីផ្សព្វផ្សាយភាពជាគំរូ និងបទពិសោធន៍ល្អក្នុងការផ្តល់សេវាសាធារណៈគំរូ ជូនដល់អង្គភាពដទៃ​ និងសាធារណជន ក្រុមការងារក្រសួងមុខងារសាធារណៈ បាន និងកំពុងចុះចងក្រងករណីសិក្សា រួមទាំងការផលិតនូ​វមាតិកាផ្សាយ ជ័យលាភីលេខ១ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។


ក្នុងដំណើរការចុះប្រមូលទិន្នន័យ ក្រុមការងារនីមួយៗត្រូវបានបែងចែកសមាសភាពជា ៨ក្រុមតូចៗ ដើម្បីចុះសម្ភាសន៍ឱ្យស៊ីជម្រៅជាមួយអ្នកទទួលខុសត្រូវតាមផ្នែកនីមួយៗ ដោយធ្វើការកត់ត្រា ថតរូប និងប្រមូលនូវឯកសារសំខាន់ៗពីលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដោយផ្អែកលក្ខណៈវិនិច្ឆ័យគោលទាំង៨. ទិន្នន័យដែលក្រុមការងារប្រមូល នឹងត្រូវរៀបចំជាសេចក្ដីព្រាងសៀវភៅ និងវីដេអូករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។


ក្រុមជំនាញបានចែកទីតាំងជាពីរធំៗ សម្រាប់ចុះប្រមូលទិន្នន័យរួមមាន៖ ក្រុមការងារជំនាញទី១ បានចុះទៅកាន់ទីតាំងរបស់សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ស្ទួន ឆ្នាំ២០២៣ វិស័យអប់រំ ដែលដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។​ក្រុមការងារជំនាញទី២ ដឹកនាំដោយ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានចុះទៅកាន់ទីតាំងរបស់មណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់ ជ័យលាភីចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៣ វិស័យសុខាភិបាល។ លើសពីនេះសម្រាប់មណ្ឌលសុខភាពសំរោង ក៏មានក្រុមការងារចុះផ្តិតយកទិដ្ឋភាព និងសកម្មភាពផ្ទាល់នៃការបំពេញការងាររបស់មណ្ឌលសុខភាព និងភាគីពាក់ព័ន្ធ សម្រាប់ចងក្រងជាវីដេអូករណីសិក្សាបន្ថែមផងដែរ ដែលដឹកនាំដោយឯកឧត្តម ទិត ច័ន្ទតារា ទីប្រឹក្សា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


សូមជម្រាបថា សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់ ត្រូវបានទទួលជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២៣​ តាមអនុក្រឹត្យ​រាជរដ្ឋាភិបាលកម្ពុជា លេខៈ ៣៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ហើយក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រគល់ពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល កាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១