ក្រោយពីបានធ្វើការវិភាគមុខងាររបស់ខ្លួនបានរួចរាល់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ រួមជាមួយតំណាងក្រសួង ស្ថាប័ន ជាច្រើនទៀតដែលមានមុខងារពាក់ព័ន្ធផ្ទាល់ ឬប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ។ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដោយចាប់ផ្តើមចេញពីបទបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើសាវតា មុខងារ និងសេចក្តីព្រាងនៃអនុក្រឹត្យថ្មី។

ក្រោយបានស្តាប់បទបង្ហាញ កិច្ចប្រជុំបានអនុញ្ញាតឱ្យមានការចូលរួមមតិយោបល់ពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ម្តងមួយៗ។ មតិយោបល់ ទាំងអស់នោះ ជាការបញ្ជាក់ និងធានាថា មុខងារដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងត្រូវអនុវត្តថ្មីនេះ មិនបានត្រួតស៊ីគ្នា ឬជាន់គ្នា ស្របតាមការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ពោលគឺការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ ទន្ទឹមនេះ កិច្ចប្រជុំបានពិភាក្សាផ្តល់មតិយោបល់ទៅវិញទៅមកលើទិដ្នភាពរចនាសម្ព័ន្ធដែលនឹងត្រូវកែសម្រួល ធ្វើយ៉ាងណាឱ្យស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ពង្រឹង ជាជាងពង្រីក»។

កិច្ចប្រជុំទទួលបាននូវមតិយោបល់ចូលរួមជាច្រើនពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយក្រុមការងារបច្ចេកទេសនិងប្រមូលនូវធាតុចូលទាំងអស់នោះដើម្បីកែលម្អកម្រិតបច្ចេកទេសជាបន្តទៀត និងទុកពេលវេលាឱ្យក្រសួង ស្ថាប័នចំនួនមួយសប្តាហ៍ដើម្បីចូលរួមជាមតិយោបល់ជាលាយលក្ខណ៍អក្សរជូនមកក្រុមការងារបច្ចេកទេស ដើម្បីសម្រេចនូវសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ហើយបន្តនីតិវិធីជាបន្ត និងដាក់ជូនថ្នាក់ដឹងនាំពិនិត្យសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១