ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់អង្គភាពនានាក្រោមឱវាទក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារមណ្ឌលគិរី ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី នៃក្រសួងមុខងារសាធារណៈ ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ទាំង២៥ សរុបចំនួនប្រមាណជាង១០០នាក់។
លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃសិក្ខាសាលានាពេលនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈ។ លោកជំទាវបង្ហាញជំនឿជាក់ថា តាមសិក្ខាសាលារយៈពេលពីរថ្ងៃនេះ សិក្ខាកាមនឹងទទួលជ្រាបអំពីខ្លឹមសារលម្អិតនៃគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមុខងារសាធារណៈ ព្រមទាំងចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំថវិកា ការអនុវត្តថវិកា ការតាមដាននិងវាយតម្លៃសមិទ្ធកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់អង្គភាពនានាក្រោមឱវាទក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ បានធ្វើការបូកសរុបនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញយ៉ាងលម្អិតច្បាស់ និងមានការលើកជាយោបល់ ក៏ដូចជាសួរសំណួរយ៉ាងផុសផុលពីសិក្ខាកាម។
ឯកឧត្ដមអគ្គលេខាធិការ បានផ្ដាំផ្ញើ រំលឹកបន្ថែមពីការអនុវត្តនាពេលខាងមុខ និងបានបង្ហាញជំនឿថា សិក្ខាកាមនឹងយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលាពេលនេះទៅអនុវត្តក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពស្របតាមគោលការណ៍និងនីតិវិធីដែលបានណែនាំ៕