ក្រសួងមុខងារសាធារណៈ រៀបចំ “កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត”
(ភ្នំពេញ)៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុង «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ សំដៅរួមចំណែកក្នុងការជួយដល់ជនរងគ្រោះ ដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន។
កម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាលដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សាស្រ្តាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជនផ្សេងទៀត សរុបមានចំនួនប្រមាណ ៤៥០អង្គ/នាក់ ៕