ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យពិភាក្សាលើការជំរុញការបង្វែរប្រាក់ចូលថវិការដ្ឋវិញ និងពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្រ្តីរាជការស៊ីវិលនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីក្នុងការបើកផ្តល់បៀវត្សជូនមន្រ្តីរាជការ


កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតាមដាននិងត្រួតពិនិត្យការបង្វែរប្រាក់ដែលបានបើកលើសចូលថវិការដ្ឋនៃក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី តំណាងគ្រប់ក្រសួង ស្ថាប័ន តំណាងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ មានចំនួនសរុបប្រមាណ ៣០០នាក់។

ជាកិច្ចចាប់ផ្តើម លោក មាស ពេជ្រ អគ្គនាយករង បានធ្វើបទបង្ហាញពីប្រធានបទស្តីពីប្រាក់ដែលបានបើកលើស ពង្រឹងការបង្វែរ និងការគិតគូរក្នុងការកែសម្រួលនីតិវិធីនៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្រ្តីរាជាការស៊ីវិល ជូនអង្គប្រជុំទៅលើចំណុចរួមមាន៖ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងនីតិវិធីនៃការអនុវត្ត, តារាងបង្ហាញចំនួនទឹកប្រាក់ដែលបានរកឃើញនៅតាមក្រសួង ស្ថាប័នពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤, តារាងស្ថានភាពប្រាក់បង្វែរតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤, ចំណុចដែលនាំឱ្យមានការបើកប្រាក់បៀវត្សលើស, ដំណោះស្រាយការបើកបៀវត្សលើស និងយន្តការនិងនីតិវិធីនៃការរៀបចំសេចក្តីណែនាំថ្មី។

ជាកិច្ចបន្ទាប់ស្មារតីអង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ធាតុចូលសំខាន់ៗក្នុងការរៀបចំសេចក្តីព្រាងសេចក្តីណែនាំស្តីពីការអនុវត្តន៍គោលការណ៍រួមនៃនីតិវិធីគ្រប់គ្រងមន្រ្តីរាជការស៊ីវិលទៅលើចំណុចពាក់ព័ន្ធដូចជា៖ ការសុំចូលនិវត្តន៍មុនកាលកំណត់ ការដំឡើងថ្នាក់ មរណភាពមន្រ្តីរាជការ ការផ្លាស់ប្តូរក្របខណ្ឌការងារ មន្រ្តីក្រៅក្របខណ្ឌដើម ទំនេរគ្មានបៀវត្ស និងផ្សេងៗ។

លទ្ធផលអង្គប្រជុំបានសម្រេច៖ ១)អង្គភាពទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពប្រែប្រួលស្ថានភាពមន្រ្តីរាជការស៊ីវិលមួយខែម្តង ២)ចំពោះអង្គភាពដែលពុំមានស្ថានភាពប្រែប្រួលត្រូវធ្វើលិខិតជូនដំណឹងពីចំនួននៃការប្រែប្រួលនិងមិនមានការប្រែប្រួលនិងលើកសំណើសុំបើកបៀវត្សតាមចំនួនស្ថានភាពជាក់ស្តែងមកក្រសួងមុខងារសាធារណៈ ៣)ក្រសួងមុខងារសាធារណៈនឹងធ្វើលិខិតជូនទៅគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំពោះប្រាក់បង្វែរដែលនៅសល់ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលមិនទាន់បានទូទាត់ ៤)ស្នើឱ្យអង្គភាពទាំងអស់ជូនដំណឹងពីកានៃការកង្កកបៀវត្សមន្រ្តីរាជការអវត្តមាន និង ៥)ក្រុមការងារក្រសួងមុខងារសាធារណៈនឹងរៀបចំកិច្ចប្រជុំចង្អៀតបន្តរវាងប្រធានមន្ទីរមុខងារសាធារណៈនិងប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួង ស្ថាប័នដើម្បីទទួលបានធាតុចូលបន្ថែមទៀតជាមូលដ្ឋានក្នុងការធ្វើបៀវត្សតាមប្រព័ន្ធទំនើប និងការរៀបចំសេចក្តីណែនាំប្រកបដោយសង្គតិភាព។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១