ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សាជាមួយក្រសួង ស្ថាប័ន ចំនួន២២ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
សូមជម្រាបជូនថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ហើយគួររម្លឹកផងដែរថា ចំពោះក្រសួង ស្ថាប័ន ដែលមិនបានរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងមិនទទួលបានការអនុញ្ញាតក្នុងការជ្រើសរើសមន្ត្រីថ្មីឡើយ។
ការងារការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ត្រូវបានអនុវត្តជាបន្តបន្ទាប់។ បន្ទាប់ពីបានជួបពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ននានា ក្រុមការងារជំនាញទទួលបន្ទុកការងារវិភាគមុខងាររបស់ក្រសួងមុខងារសាធារណៈ នឹងបន្តនីតិវិធីជាបន្តទៅមុខទៀត ធ្វើយ៉ាងណាឱ្យការងារការកែទម្រង់រដ្ឋបាលសាធារណៈតាមរយៈការងារនេះ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព៕