ក្រសួងមុខងារសាធារណៈ ចូលរួមនៅក្នុងវិបស្សនាប្រចាំឆ្នាំ ដែលជាយន្តការសម្របសម្រួលការកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល
ក្នុងក្របខណ្ឌនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាយន្តការសម្របសម្រួលការកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល ដែលហៅថាជាវិបស្សនាប្រចាំឆ្នាំ កាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
វិបស្សនាប្រចាំឆ្នាំនេះ មានការចូលរួមពីតំណាងប្រតិភូក្របខណ្ឌការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រួមមាន៖ ១)កែទម្រង់រដ្ឋបាលសាធារណៈ ២)កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣)កែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៤)កែទម្រង់ប្រព័ន្ធយុត្តិធម៌ និង ៥)កែទម្រង់ច្បាប់។
គោលបំណងនៃការរៀបចំកម្មវិធីវិបស្សនានេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តយន្តការសម្របសម្រួលការកែទម្រង់ក្នុងឆ្នាំ២០២៣ ព្រមទាំងពិនិត្យលើផែនការសេចក្តីព្រាងសកម្មភាព ប្រទាក់ប្រឡាគ្នារវាងកម្មវិធីកែម្រង់របស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤។
ជាលទ្ធផល អង្គវិបស្សនា បានឯកភាពទៅលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីយន្តការសម្របសម្រួលអន្តរកែទម្រង់ស្នូលទាំង៥ របស់រាជរដ្ឋាភិបាល ដែលនឹងបន្តជជែកពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ នាពេលបន្ទាប់៕