ក្រសួងមុខងារសាធារណ:ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន


ក្រោយពីទទួលបានរបាយការណ៍ជាបន្តបន្ទាប់ពីក្រសួង​ ស្ថាប័ន​ លើការងារ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ​ និងរចនាសម្ព័ន្ធ​ក្រសួង​ ស្ថាប័ន​ ក្រសួងមុខងារសាធារណ:បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងជាច្រេីន ដើម្បីបន្តការងារឆ្ពោះទៅកាន់ការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្ត​របស់ក្រសួង​ ស្ថាប័ន​ រួមទាំងអង្គភាពពាក់ព័ន្ធ។ ដើម្បីជំរុញការរៀបចំការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង​ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារនៃ​ គ.វ.រ​ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន​ នៅថ្ងៃទី៦​ ខែវិច្ឆកា​ ឆ្នាំ២០២៤។

អង្គប្រជុំបានពិគ្រោះ​ ពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងផ្តល់ជាធាតុចូលសំខាន់ជាច្រើន ក្នុងគោលដៅធ្វើយ៉ាងណារៀបចំនូវសេចក្តីព្រាងមួយដែលសំដៅដល់ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន​ ដែលមានគោលការណ៍ជារួម ពោលគឺធ្វេីយ៉ាងណាឱ្យរចនាសម្ព័ន្ធនីមួយៗមានសង្គតិភាព​ និងជាឯកសណ្ឋានមួយព្រមៗគ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១