«ក្នុងភាពជាតំណាងកម្ពុជា អ្នកទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងចូលរួមឱ្យអស់លទ្ធភាពក្នុងការបង្ហាញអ្វីជាកម្ពុជានាពេលបច្ចុប្បន្ន ស្របពេលរួមគ្នាផ្សព្វផ្សាយរូបភាពវិជ្ជមាននៃប្រជាជន វប្បធម៌ និងប្រទេសជាតិ លើឆាកអន្តរជាតិ»


«ក្នុងភាពជាតំណាងកម្ពុជា អ្នកទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងចូលរួមឱ្យអស់លទ្ធភាពក្នុងការបង្ហាញអ្វីជាកម្ពុជានាពេលបច្ចុប្បន្ន ស្របពេលរួមគ្នាផ្សព្វផ្សាយរូបភាពវិជ្ជមាននៃប្រជាជន វប្បធម៌ និងប្រទេសជាតិ លើឆាកអន្តរជាតិ»។ នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្តល់ជូនថ្នាក់ដឹក និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមគ្នាលើកស្ទួយកិត្តិយស និងមុខមាត់ប្រទេសជាតិ តាមរយៈការឆ្លុះបញ្ចាំងពីសក្តានុពលធនធានមនុស្សរបស់កម្ពុជា ការបង្ហាញសមត្ថភាពរបស់យុវជនក្នុងភាពជាតំណាងជាតិស្មើមុខគ្នាជាមួយបណ្តាប្រទេសអន្តរជាតិ និងការលើកស្ទួយមោទនភាពជាតិ ដោយមានជំនឿជឿជាក់ខ្ពស់ចំពោះសង្គម និងជាតិសាសន៍របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសាទរដល់ប្រតិភូទាំងអស់ដែលទទួលបានជោគជ័យពីការជ្រើសរើសយ៉ាងស្វិតស្វាញ និងបានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជាឱ្យបន្តព្យាយាមហ្វឹកហាត់ត្រៀមសម្រាប់ការចូលរួមស្របតាមរបៀបវារៈកម្មវិធី មានសាមគ្គីភាពផ្ទៃក្នុង និងភាតរភាពរវាងក្រុមយុវជនទាំងអស់ និងប្រឹងប្រែងសង្កេតដកពិសោធន៍ពីចំណុចជាភាពលេចធ្លោនៃបណ្តាប្រតិភូប្រទេសនានា ដើម្បីអាចជាទុនសម្រាប់ការបំពេញការងារជាក់ស្តែងរៀងៗខ្លួននាពេលអនាគត។


ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលនឹងត្រូវចេញដំណើរទៅចូលរួមកម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន នាពេលដ៏ខ្លីខាងមុខនេះ ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយស និងការកោតសរសើរចំពោះកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១