កំពុងដំណើរការ៖​ របាយការណ៍កិច្ចប្រជុំប្រចាំខែធ្នូបានបង្ហាញថា «ចំនួនមន្ត្រីរាជការស៊ីវិលជារួមមានការថយចុះ តែសមិទ្ធកម្មការងារនៅតែបន្តកើនឡើង»


ក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងដំណើរការ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម អគ្គលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបង្ហាញរបាយការណ៍ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលថា “នៅក្នុងខែធ្នូនេះ ចំនួនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេស តាមក្របខណ្ឌមានការថយចុះ។” ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ហាស់ ប៊ុនថ្ថន បានរៀបរាប់បន្ថែមថា “ទោះបីជាយ៉ាងនេះក្តី សមិទ្ធកម្មការងាររបស់មន្ត្រីមិនមានការថយចុះនោះទេ មានតែបន្តកើនឡើងជាលំដាប់។”

ស្របពេលជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបង្ហាញការកត់សម្គាល់ក្នុងប្រសាសន៍បើកថា “ពីមួយខែទៅមួយខែ សម្រាប់ក្រសួងមុខងារសាធារណៈ យើងសម្រេចបានការងារថ្មីៗជាច្រើន ជាបន្តបន្ទាប់គួរជាទីមោទនៈ ទាំងការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ”។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំប្រចាំខែ ជារៀងរាល់ខែ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំងប្រទេស តាមប្រព័ន្ធប្រជុំអនឡាញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១