កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើសំណើសុំប្រើប្រាស់បន្ថែមនូវក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្រ្តីស្ម័គ្រចិត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា


នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំប្រើប្រាស់បន្ថែមនូវក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្រ្តីស្ម័គ្រចិត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា។


កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ មានចំនួនសរុប ២២នាក់។


អង្គប្រជុំបានពិភាក្សាទៅលើសំណើចំនួន៣ រួមមាន៖ ១)សំណើសុំគោលការណ៍បញ្ចូលក្របខណ្ឌ(គ្រូបង្រៀនកម្រិតឧត្តមសិក្សា) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២)សំណើសុំក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យាបន្ថែមចំនួន ១០២កន្លែង សម្រាប់វិទ្យាល័យអប់រំពិសេស និងសាលាបឋមសិក្សាមួយចំនួន ដែលមានថ្នាក់សមាហរណកម្ម សិស្សមានពិការភាពសតិបញ្ញា និងអូទឹស្សឹម ៣)សំណើសុំបញ្ចូលក្របខណ្ឌគ្រូបង្រៀនជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តចំនួន ១៧នាក់ ដែលកំពុងបម្រើការងារនៅវិទ្យាល័យអប់រំពិសេសចំនួន ៦កន្លែង មកក្នុងក្របខណ្ឌមន្រ្តីរាជការ ក្រសួងអប់រំ យុវជន និងកីឡា។


បន្ទាប់ពីបានស្តាប់របាយការណ៍ និងការពិភាក្សាផ្តល់មតិធាតុចូលយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានឯកភាពជាគោលការណ៍ ដើម្បីស្នើថ្នាក់ដឹកនាំពិនិត្យសម្រេច ៖ ១. រក្សាស្ថានភាពដដែលចំពោះករណីស្នើសុំបញ្ចូលក្របខណ្ឌជាករណីពិសេស និង២.យោងលើភាពចាំបាច់គាំទ្របន្ថែមក្របខណ្ឌកិច្ចសន្យាវិទ្យាល័យអប់រំពិសេសមួយចំនួនសម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៥ ដោយចាប់អនុវត្តពីខែតុលា ឆ្នាំ២០២៤តទៅ។


ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គប្រជុំទាំងមូលនិងបានចាត់ឱ្យអង្គភាពជំនាញរៀបចំរបាយការណ៍តាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១