កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ស្តីពីការរៀបចំរចនាសម្ព័ន្ធក្រសួងបរិស្ថាន និងការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព


នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាងក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។


បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ពីស្ថានភាពរួមនៅក្នុងសេចក្តីព្រាងរួចមក អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ទៅលើចំណុចសំខាន់ៗរួមមាន៖ ១)ការកំណត់ទម្រង់ និងចំនួនរចនាសម្ព័ន្ធចំណុះក្រសួងបរិស្ថាន ២)កំណត់កែសម្រួលមុខងារ ភារកិច្ច និងខ្លឹមសារនៅក្នុងសេចក្តីព្រាងតាមមាត្រានីមួយៗ និង ៣)ការងារបច្ចេកទេសផ្សេងៗទៀត។


ជាចុងបញ្ចប់អង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍លើសំណើនិងសេចក្តីព្រាងដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនេះស្ថាប័នទាំងពីរនឹងបន្តសហការជាបន្តបន្ទាប់លើការកែសម្រួលខ្លឹមសារ ឃ្លាឃ្លោងនានា និងបច្ចេកទេសមួយចំនួន ដើម្បីកំណត់ស្តង់ដារួម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១