កិច្ចប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ បានជំរុញសំទុះការងារកាន់តែសកម្ម បន្ថែមទៀតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល


ជារៀងរាល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងមានកិច្ចប្រជុំប្រចាំខែរបស់ខ្លួនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅការងារបន្ត នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។


ក្រោយបានស្តាប់របាយកាណ៍របស់ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ កិច្ចប្រជុំទទួលបានមតិយោបល់យ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមលើវឌ្ឍនភាពការងាររួម និងលើកឡើងនូវរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខបន្តទៀត។


បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន និងក្រុមការងារបានរៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការចូលរួមផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ ក្នុងការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ក្នុងគោលបំណងកែលម្អវិស័យមុខងារសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗនៃសង្គមជាតិ។


ទន្ទឹមនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានកំណត់ការងារមួយចំនួនបន្ថែមទៀតរួមមាន៖ ១). ការកែលម្អជាបន្តបន្ទាប់លើការរៀបចំទម្រង់របាយការណ៍ឱ្យបានកាន់តែប្រសើរ ២).ពង្រឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការគ្រប់អង្គភាពទាំងអស់ អនុវត្តតាមគោលការណ៍ជាធរមាន ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល ៣). រៀបចំដោះស្រាយបញ្ហានានាដែលនៅសេសសល់ជុំវិញការបើកប្រាក់បៀវត្ស ៤).ពន្លឿនការរៀបចំការងារបណ្ណសារដ្ឋានរបស់ក្រសួង ៥). សិក្សាឈ្វេងយល់បន្ថែមប្រកបដោយនវានុវត្តន៍ក្នុងការរៀបចំចរន្តឯកសារអេឡិចត្រូនិច និងការដាក់ទិសដៅការងារបន្ត។


ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានជំរុញថ្នាក់ដឹកនាំ និងប្រធានអង្គភាពនីមួយៗចូលរួមពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរបស់ខ្លួន  និងការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាពដែលមានស្រាប់ ដើម្បីឈានទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ក្រសួងមុខងារសាធារណៈ ជាពិសេសបន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។


គួរជម្រាបថា កិច្ចប្រជុំប្រចាំខែនេះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជាការរៀបចំរបៀបរបបការងារដែលត្រូវបានកំណត់រៀបចំជាទៀងទាត់ ជារៀងរាល់ចុងខែ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១